Cherreads

Chapter 10 - អ្នកជម្ងឺរបស់ខ្ញុំ

នៅថ្ងៃស្អែកមកដល់ ពេលព្រឹកព្រលឹមឡើង ពិសាល ក៏បានឃើញគ្រូពេទ្យស្រីម្នាក់ត្រូវដេញចេញមកពីបន្ទប់វីអាយភីមួយទាំងទឹកភ្នែករលីងរលោង។ បុរសឃើញបែបនោះក៏ចូលទៅសួរនាំ៖ " មានរឿងអីកើតឡើង?"។ អ្នកគ្រូពេទ្យវ័យក្មេង ក្នុងឈុតជាអ្នកមើលថែអ្នកជម្ងឺពណ៌ផ្កាឈូក កាន់ថាសបាយម្ហូបនិងដៃដែលមានកម្ទេចអាហារខ្ទាតប្រឡាក់ពេញសូម្បីខោអាវរបស់នាង ឆ្លើយតបទៅលោកគ្រូពេទ្យវិញ៖ " គឺអ្នកជម្ងឺម្នាក់នោះ គេរអ៊ូថា អាហារនៅមន្ទីរពេទ្យមិនឆ្ងាញ់​ គេញ៉ាំមិនចូល ទើបគប់អាហារនោះចោលអស់ទៅ!"។ ពិសាលឮបែបនេះក៏មានចិត្តអាណិតដល់អ្នកគ្រូពេទ្យចំណូលថ្មីនេះជាពន់ពេក នាងប្រហែលជាមិនដែលជួបនិងកំហឹងអ្នកជម្ងឺពីមុនមកទេ។ " មិនអីទេអ្នកគ្រូពេទ្យ! អ្នកជម្ងឺម្នាក់នេះ ទុកឲ្យខ្ញុំជាអ្នកចាត់ការឲ្យចុះ អ្នកគ្រូទៅមើលអ្នកជម្ងឺផ្សេងបានហើយ" បុរសស្រដី។ គេក៏ដើរចូលទៅក្នុងបន្ទប់អ្នកជម្ងឺដ៏គ្មានសីលធម៌ម្នាក់នោះ។ មិនប្លែកទេ គេជាអ្នកជម្ងឺដដែលដែលគេបានជួបកាលពីម្សិលមិញនោះ។ រឹទ្ធី កំពុងគេលើគ្រែ នៅក្បែរនោះមានរទេះបាយម្ហូបដែលត្រូវគប់រប៉ាត់រប៉ាយខ្ចាយពេញបន្ទប់។ ឃើញបែបនេះហើយ ពិសាល ដែលជាគ្រូពេទ្យក៏ចូលទៅរើសចាននិងស្លាបព្រានៅលើឥដ្ឋនោះឡើង។ «ខ្ញុំប្រាប់ហើយ ថាមិនស៊ីទេ!» បុរសជាអ្នកជម្ងឺកាន់ចានលោហៈមួយដែលនៅលើរទេះនោះឡើង ប្រុងនឹងគប់ទៅអ្នកដែលដើរចូលមកនោះ ប៉ុន្តែនៅពេលដែលគេឃើញថាជាលោកគ្រូពេទ្យ ពិសាល គេក៏ប្រុងនឹងដាក់ចាននោះចុះវិញ តែដោយសារតែមិនចង់ឲ្យចាញ់ចិត្ត បុរសក៏គប់ចាននោះទៅនឹងឥដ្ឋទៀត មុខពិសាល។ នរៈងើបមុខឡើង ហើយក៏យកចាននិងស្លាបព្រាទាំងប៉ុន្មានទៅដាក់និងរទេះនោះវិញ តែក៏ត្រូវរឹទ្ធីគ្រវាសចេញដួលទាំងរទេះនោះទៀត។ ផ្ទុយទៅវិញ ពិសាល នៅតែមិនខឹងសម្បារនិងអប្បកិរិយារបស់បុរសនោះទេ រួចស្រដីទាំងសម្លេងធម្មតា ៖ " ខ្ញុំសោកស្តាយណាស់ ដែលលោកញ៉ាំអាហារនៅក្នុងមន្ទីរពេទ្យនេះមិនត្រូវមាត់! ដូច្នេះ ខាងមន្ទីរពេទ្យយើងសន្យាថា នឹងមិនយកអាហារទាំងនេះឲ្យលោកទៀតទេ!"។ ពិសាល និយាយរួច ក៏ប្រាប់ឲ្យអ្នកសម្អាតចូលមកសម្អាតបន្ទប់នេះចេញ។ ចំណែក រឹទ្ធី វិញ គេមិនសូវយល់ពីសម្តីរបស់ ពិសាល នោះទេ តែដោយរក្សាភាពអំនួងរបស់គេ នាយក៏បន្ថែមសម្តី៖ " អាហារបែបនេះយកទៅឲ្យឆ្កែស៊ីទៅ! ខ្ញុំមិនស៊ីទេ! "។ ពេលដែលបានឮពាក្យសម្តីរបស់រឹទ្ធីហើយ ចិត្តដ៏ស្ងប់របស់ពិសាលក៏ប្រែដូចជាសមុទ្រមានរលកបោកបក់ដូចព្យុះសង្ឃរា ពេញទៅដោយការទោមនស្សក្នុងចិត្តដូចគ្នា ប៉ុន្តែបុរសនៅតែរក្សាទឹកមុខញញឹមផ្អែមល្អែមរបស់គេដដែល។ " មិនអីទេលោក! ចាំយើងខ្ញុំធ្វើតាមដែលលោកប្រាប់គ្រប់យ៉ាង" បុរសតប។

នៅម៉ោងបាយថ្ងៃត្រង់មកដល់ រឹទ្ធី កូរពោះយ៉ាងខ្លាំង ព្រោះគេមិនបានញ៉ាំអ្វីតាំងពីព្រឹក។ ស្រាប់តែពេលនោះស្រាប់តែមានឆ្កែមួយក្បាលរត់ចូលមកបន្ទប់គេ កន្ទុយបក់រវិកៗសម្លឹងមើលមកគេ។ នរៈសម្លឹងមើលទៅឆ្កែនោះទាំងចម្ងល់ «តើនៅក្នុងមន្ទីរពេទ្យ គេអនុញ្ញាតឲ្យសត្វចូលដែរមែនទេ?» ភ្លាមនោះលោកគ្រូពេទ្យម្នាក់ក៏ចូលមក នោះគឺពិសាលនិងហើយ។ រឹទ្ធី ក៏សួរទៅគ្រូពេទ្យភ្លាម៖ " ឯណាអាហារថ្ងៃត្រង់ដែលលោកថានឹងធ្វើតាមខ្ញុំគ្រប់យ៉ាងនោះ?"។ លោកគ្រូពេទ្យពិសាលញញឹមតបទៅបុរសដដែល ស្នាមញញឹមនេះគួរឲ្យខ្លាច ហើយនិយាយទៅរឹទ្ធីវិញដោយសម្លេងផ្អែមល្អែមដដែល ៖ " បាទលោក ខាងមន្ទីរពេទ្យយើងខ្ញុំបានធ្វើដូចដែលលោកបានប្រាប់អញ្ចឹង! បើខ្ញុំចាំមិនខុសទេ គឺលោកបានប្រាប់ថា «អាហារបែបនេះ យកឲ្យឆ្កែស៊ីទៅ!» មែនទេលោក? ពេលនេះខ្ញុំបានយកអាហារថ្ងៃត្រង់របស់លោកឲ្យ អាគីគី ស៊ីអស់ហើយ តាមដែលលោកបានប្រាប់" ស្នាមញញឹមដ៏មិនចេះរីងស្ងួតរបស់បុរសក៏បង្ហាញឡើងទៀត។ ចំណែកឯរឹទ្ធីវិញ គេក៏ខឹងយ៉ាងខ្លាំង ហើយស្រែកទៅ៖ " លោកឯងចង់មានរឿងមែនទេ? លោកមិនស្គាល់ថាខ្ញុំជានរណាទេមែនទេ? លោកឯងចង់អត់ការងារធ្វើមួយជីវិតមែនទេ?"។ តែបើទោះបីជា រឹទ្ធី គម្រាមយ៉ាងណាក៏ដោយស្នាមញញឹមជាគ្រូពេទ្យរបស់គេនៅតែរក្សាបន្តជានិច្ច។ បុរសដើរចូលមកជិតរឹទ្ធីជាអ្នកជម្ងឺ ដែលគេមិនអាចទៅណារួច ព្រោះជើងឆ្វេងរបស់គេត្រូវរុំប៉ង់ស្មង់ចងព្យួរទៅខាងលើ ឯដៃរបស់គេ រុំជាប់ប៉ងស្មង់ បំពាក់និងករបស់គេថែមទៀត។ បើទោះបីជាគេចង់ឈ្លោះ ក៏គេបានត្រឹមតែឈ្លោះនៅលើគ្រែមួយកន្លែងតែប៉ុណ្ណោះ។ ពិសាល ចូលមក ហើយក៏ជួយស៊ីរេក្រណាត់ដែលរុំរបួសនៅថ្ងាសរបស់រឹទ្ធីឲ្យត្រង់ឲ្យទៀត ទោះបីជារឹទ្ធីជេរគេយ៉ាងម៉េចក៏ដោយ។ ចំណែកឯអ្នកគ្រូពេទ្យដែលនៅចាំពីមុខបន្ទប់ មានរទេះអាហារមកជាមួយឯណេះ នាងមិនទាន់ហ៊ានចូលទេ ព្រោះមិនទាន់ត្រូវបានឲ្យសញ្ញាពីពិសាល។ ការពិត គេមិនបានយកអាហារចំណែករបស់ រឹទ្ធី ឲ្យឆ្កែស៊ីនោះទេ​ គេគ្រាន់តែចង់ឲ្យ រឹទ្ធី ដឹងថា ភាពក្អេងក្អាងរបស់គេ មានតែនាំផលបែបនេះមកដល់គេប៉ុណ្ណោះ។ ឃើញលោកគ្រូពេទ្យសង្ហារម្នាក់នេះ ផ្គើននិងគេហើយញញឹមឌឺគេដល់ថ្នាក់ហ្នឹង រឹទ្ធី ដៃខាងឆ្វេងម្ខាងដែលទំនេរ ក៏ឈោងទៅចាប់កអាវរបស់ពិសាលទាញមក ធ្វើឲ្យនរៈដែលមិនបានប្រុងប្រៀបខ្លួនអស់ជំហរហើយផ្កាប់មុខទៅទ្រោបនៅលើគេ មាត់របស់អ្នកទាំងពីរប៉ះគ្នា បបូរមាត់ដ៏ទន់ល្មើយរបស់លោកគ្រូពេទ្យម្នាក់នោះដូចជាចាហួយជេលីដែលពេលបានញ៉ាំមួយម៉ាត់ហើយ នរណាក៏ចង់ដាក់មួយម៉ាត់ទៀតដែរ រស់ជាតិនៃបបូរមាត់របស់គេស្រស់ស្រាយជាងខ្យល់រំហើយរដូវផ្ការីកទៅទៀត ធ្វើឲ្យរឹទ្ធីដែលនៅពីក្រោមបើកភ្នែកធំៗ សម្លឹងទៅបុរសទាំងភ្ញាក់ផ្អើល «ស្នាមថើបលើកដំបូងរបស់ខ្ញុំ!»។ តែផ្ទុយពីរឹទ្ធី ពិសាល វិញក្រោយពីភ្ញាក់ផ្អើល គេក៏ប្រញាប់ងើបខ្លួនឡើង ហើយស្តោះទឹកមាត់ផើយៗរួចជូតហើយជូតទៀតៗស្ទើរតែដាច់បបូរមាត់អស់ទៅហើយ ដើម្បីបំបាត់ដាមថើបនោះទាំងខ្ពើមរអើម និង ខ្មាសអៀនចំពោះអ្វីដែលកើតឡើង។ 

គេមិនដែលថើបមនុស្សប្រុសបែបនេះនោះទេ! ពិតជាគួរឲ្យខ្មាសអៀនណាស់! ភ្លាមនោះអ្នកគ្រូពេទ្យដែលនៅខាងក្រៅក៏ចូលមករួមទាំងរទេះអាហារថ្ងៃត្រង់មកជាមួយផង តែគេក៏ឃើញថា លោកគ្រូពេទ្យ និងអ្នកជម្ងឺ កំពុងជូតមាត់ចេញរៀងៗខ្លួនដូចទៅបានញ៉ាំអ្វីពុលមកពីណាអញ្ចឹង។ «លោកគ្រូពេទ្យ! មានរឿងអីមែនទេ?» អ្នកគ្រូពេទ្យសួរទៅទាំងបារម្ភ។ ពិសាល បែរសម្លឹងទៅមើល រឹទ្ធី តែពេលដែលឃើញហើយ ពួកគេក៏បែរចេញទាំងពីរ ហើយជូតមាត់ចេញបន្តទាំងខ្ពើមរអើមរៀងខ្លួន។ 

អ្នកគ្រូពេទ្យឃើញបែបនេះក៏និយាយទៅទាំងក្រែងរអែង៖ " អាហារពេលព្រឹកសម្រាប់អ្នកជម្ងឺ! ខ្ញុំលាទៅវិញសិនហើយ!"​ ថាហើយអ្នកគ្រូក៏ប្រញាប់ដាក់មេប្រូចចេញទៅយករួចខ្លួនបាត់ទៅ។ ចំណែកឯពិសាលគេប្រុងដើរចេញទៅតាមដែរ តែក៏ត្រូវរឹទ្ធីឃាត់៖ " អេ៎ លោកទៅណា? ខ្ញុំមិនអាចញ៉ាំអាហារដោយខ្លួនឯងបាននោះទេ!"។ ពិសាលបញ្ឈប់ជើង ហើយខាំមាត់។ ពិតមែនហើយ! គេមិនអាចញ៉ាំអាហារដោយខ្លួនឯងបានទេ ព្រោះទាំងដៃនិងជើងរបស់គេសុទ្ធតែត្រូវរបួស។ គេមកនេះគ្រាន់តែចង់ប្រដៅអ្នកជម្ងឺកូនអ្នកមានម្នាក់នេះទេ នរណាទៅដឹងថា គេបែរជាជួបរឿងអកុសលបែបនេះទៅវិញ? គេក៏បានសម្រេចចិត្តបំភ្លេចរឿងដែលគួរឲ្យខ្មាសនោះចោល ហើយបែរមកបំពេញតួនាទីជាគ្រូពេទ្យល្អរបស់គេវិញ។ បុរសបញ្ចុកអាហារទៅកាន់រឹទ្ធីទាំងមុខក្រញ៉ូវមិនចង់មើលមុខគេផង។ ចំណែកឯរឹទ្ធីវិញ គេក៏លែងហ៊ានតវ៉ារឿងម្ហូបឆ្ងាញ់មិនឆ្ងាញ់ទៀតហើយ ព្រោះពេលនេះក្រពះឃ្លានខ្លាំងណាស់ បើមិនញ៉ាំទេ គឺមានតែដេកស្លាប់មួយកន្លែងនៅទីនេះ៕

﹏♥ « « « ❀ » » » ✿ « « « §❀§ » » » ✿ « « « ❀ » » » ♥﹏

តើនាងជានរណា?

ពេលដែលពិសិដ្ឋបើកភ្នែកឡើង គេនៅតែឃើញមនុស្សស្រីម្នាក់នោះ ប៉ុន្តែលើកនេះ ផ្ទុយពីការស្លៀកពាក់សម្លៀកបំពាក់ពណ៌ក្រហម នាងបែរជាស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ។ កែវភ្នែករបស់នាងសម្លឹងមកគេទាំងទុក្ខក្រៀមក្រំ។ ពិសិដ្ឋ ដើរទៅកាន់នាង ហើយសួរដោយសម្លេងតិចៗ៖ " តើនាងជានរណា? ហេតុអីបានជាខ្ញុំតែងតែឃើញនាង?"។ ពិសិដ្ឋ លើកហត្ថាទៅប៉ះថ្ពាល់របស់នាងដែលពោរពេញដោយទឹកភ្នែក។ នាងមិននិយាយអ្វីទាល់តែសោះ តែទឹកភ្នែកនាងចេះតែស្រក់មកមិនឈប់សោះ។ បន្តិចក្រោយមកនាងក៏ដើរចេញទៅ ហើយនរៈក៏ដើរតាមនាង។ នៅជុំវិញខ្លួនរបស់ពួកគេគឺមានតែភាពងងឹតនៅគ្របដណ្តប់គ្រប់ទីកន្លែង។ នារីបាននាំគេទៅដល់កន្លែងមួយដែលកាន់តែងងឹតទៅៗ ពន្លឺក៏ចាំងលើរូបនាង ហើយរ៉ូបរបស់នាងក៏ប្រែពណ៌ពីខ្មៅទៅជាពណ៌ក្រហមបន្តិចម្តងៗ។ បុរសឈានជើងទៅក្រោយ ព្រោះតួអង្គទាំងពីរម្នាក់ជាពណ៌ខ្មៅ ម្នាក់ជាពណ៌ក្រហម មានបុគ្គលិកលក្ខណៈខុសគ្នាស្រឡះ។ មនុស្សស្រីដែលស្លៀករ៉ូបពណ៌ក្រហម គឺជាមនុស្សដែលកាចសាហាវឃោរឃៅ ឯម្នាក់ដែលស្លៀករ៉ូបពណ៌ខ្មៅ បែរជាម្នាក់ដែលពោរពេញទៅដោយទុក្ខសោកសៅទៅវិញ។ នារីមានរ៉ូបពាក់កណ្តាលខ្មៅ ឯពាក់កណ្តាលពណ៌ក្រហម។ ពិសិដ្ឋគ្រវីក្បាល គេមិនអាចជ្រើសរើសថា តើគេចូលចិត្តម្នាក់ណាបាននោះទេ។ ប៉ុន្តែ គេបែរជាមានអារម្មណ៍ថា គេមានទំនាក់ទំនងជាមួយនិងនាង ដែលជាទំនាក់ទំនងមួយដែលពិបាកនឹងកាត់ផ្តាច់បានទៅវិញ។ នារីដើរចូលទៅរកគេ នាងសម្លឹងចំខ្សែភ្នែករបស់គេ។ ផ្ទុយពីការបដិសេធ ពិសិដ្ឋ បែរជាសួរទៅនាងថា៖ " ថ្ងៃនេះនាងមិនធ្វើទារុណកម្មខ្ញុំទៀតទេអ្ហេស៎?"។ នារីដើរមករកគេ ឯពិសិដ្ឋក៏យល់ព្រមគ្រប់យ៉ាងគ្រប់អ្វីដែលនាងចង់បាន។ ប៉ុន្តែនៅពេលដែលនាងមកកាន់តែជិត កម្ពស់របស់នាងកាន់តែទាបទៅៗ ហើយពេលដែលគេមកដល់ទល់មុខបុរស នាងបែរក្លាយទៅជាកូនក្មេងអាយុ១៥ឆ្នាំ នួង ទៅវិញ។ សម្លេងនាងតូចក៏បន្លឺហៅឡើង«ពូសិដ្ឋ!» បុរសស្រឡាំងកាំងភ្ញាក់ផ្អើល រហូតទាល់តែគេភ្ញាក់ពីសុបិននោះ។ នរៈដកដង្ហើមវែងៗ ដើម្បីទប់ទល់នឹងការភ្ញាក់ផ្អើលរបស់គេ។ នាយយកដៃជោតក្បាល ព្យាយាមធ្វើយ៉ាងណាឲ្យខ្លួនឯងស្វាងពីដំណេកវិញ។ ក្រឡេកមើលទៅនាឡិការដែលភ្ជួរនៅជញ្ជាំងវាទើបតែម៉ោង3ទាបភ្លឺតែប៉ុណ្ណោះ។ លោកប្រុសធំពិសិដ្ឋក៏សម្រេចចិត្តងើបចេញពីលើគ្រែ ហើយបើកទ្វារបន្ទប់ចេញទៅខាងក្រៅស្រូបយកខ្យល់អាកាស។ នៅវេរ៉ង់ដាខាងមុខនៃជាន់ទៅ២ ខ្យល់វាយោរបក់មករំហើយលាយនិងចំហាយទឹកសន្សើមនាវេលាទាបភ្លឺ។ ពិសិដ្ឋ ក្នុងសម្លៀកបំបាក់ដេកយប់ឈរកាន់បង្កាន់ដៃសម្លឹងមើលទៅឯទេសភាពនៅលើផ្ទៃមេឃ ដែលមានហ្វូងផ្កាយជាច្រើនកំពុងរះឡើង។ នរៈនៅតែនឹកដល់យល់សប្តិនោះ មនុស្សស្រីម្នាក់នោះ។ ហេតុអ្វីក៏ក្លាយទៅជាក្មេងស្រីម្នាក់នោះទៅវិញ? ក្មេងស្រីដែលគេមិនចូលចិត្ត ក្មេងស្រីដែលចចេះរឹងក្បាលម្នាក់នោះមែនទេ?​ មិនអាចទៅរួចទេ។ បុរសឧទាន «ម៉េចក៏ជានាង!» ហើយគេក៏ដក់ដង្ហើមធំ។ នរៈបន្តនិយាយម្នាក់ឯងទៀត៖ " វាគ្រាន់តែជាយល់សប្តិប៉ុណ្ណោះពិសិដ្ឋ! ហេតុអីក៏ឯងចាប់អារម្មណ៍ខ្លាំងម្ល៉េះ? វាគ្រាន់តែជាការស្រមើលស្រមៃរបស់ឯងប៉ុណ្ណោះ។"

﹏♥ « « « ❀ » » » ✿ « « « §❀§ » » » ✿ « « « ❀ » » » ♥﹏

More Chapters